កំពង់ឆ្នាំង ៖ ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអំពាវនាវទៅកាន់អ្នកពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព។

ការថ្លែងអំពាវនាវបែបនេះ របស់ឯកឧត្តម កេង សុម៉ារិទ្ធ ធ្វើឡើងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀនជិត៥តោន នៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ប្រជាពលរដ្ឋ មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកដែលពាក់ព័ន្ធដ៏ទៃទៀត ត្រូវបន្តយកចិត្តទុកដាក់អប់រំកូនចៅកុំឲ្យពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ និងសូមបន្តចូលរួមឲ្យកាន់តែសកម្មថែមទៀត ក្នុងការកំណត់មុខសញ្ញាបទល្មើស និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឈានទៅមានវិធានការដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមខ្លឹមសារ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល ។

ឯកឧត្តម កេង សុម៉ារិទ្ធ បានមានប្រសាសន៍ បញ្ជាក់ទៀតថា ការប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ។ ពង្រឹងគោលនយោបាយ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្ថុតាងដែលត្រូវដុតបំផ្លាញចោលនាពេលនេះមាន ប្រភេទហាយដ្រុក ស៊ីលីម៉ាញ និងសារធាតុញៀនកេតាមីន ចំនួន២១១ការ៉ុងស្មើនឹង ៤ ៧៧៥,៨២៩គីឡូក្រាម ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន៥៦៥,៥ក្រាម ប្រភេទកញ្ឆា ចំនួន១៦,៥៤ក្រាម និងឧបករណ៍ប្រើប្រាស់ ជក់ ព្រមទាំងវត្ថុតាង ដែលត្រូវបំផ្លាញចោលមួយចំនួនទៀត ៕












