ឯក​ឧត្តម​ ហេង​ រតនា​ ៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​ស​មត្ថ​ភាព​ដល់​មន្ត្រី​លើ​កិច្ច​ការ​បោស​សំ​អាត​មីន​​ ដោយ​​ធា​នា​​បាន​​នូវ​​សុ​វ​ត្ថិ​ភាព​ខ្ពស់​​

កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថាបច្ចុប្បន្ន​ស៊ីម៉ាកបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវលើកិច្ចប្រតិបត្តិការបោសសំអាតមីនដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។

 

ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងបិទវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសអ្នកកាន់សុនខហិតមីនជំនាន់ទី២១ និងវគ្គហ្វឹកហ្វឺនបច្ចេកទេសគ្រូជំនាញសុនខល្បាត នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។

 

ឯកឧត្តមបន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់ដិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកថ្មីៗក្នុងការបោស​សម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែង របស់ខ្លួននៅចំការមីន ។

ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសអ្នកកាន់សុនខហិតមីនជំនាន់ទី២១ មានរយៈពេលចំនួន ៦០ថ្ងៃដែលមានសិក្ខាកាមមកពីអង្គភាពអង្គភាពស៊ីម៉ាក់ ចំនួន១៩នាក់ បញ្ជាការដ្ឋានទ័ពពិសេស ចំនួន១០នាក់ និងបញ្ជាការដ្ឋានកងអង្គរក្ស ចំនួន១១ នាក់ ។

ដោយឡែកវគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត មានរយះពេល៣១ថ្ងៃ និងមានសិក្ខាកាម ចំនួន ១៥នាក់ មកពីមណ្ឌលសុនខនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហើយនៅក្នុងវគ្គនេះមានគ្រូជាជនជាតិបរទេសចំនួន០២នាក់មកពីប្រទេសអូស្រ្តាលី និង សហរដ្ឋអាម៉េរិក ។

ឯកឧត្តមប្រធានវិទ្យាស្ថាន បានឲ្យដឹងទៀតថា វគ្គហ្វឹកហ្វឺននេះ មានគោលបំណងពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ លើជំនាញបច្ចេកទេស ហ្វឹកហ្វឺន សុនខល្បាត ជូនដល់សិក្ខាកាមដែលជាគ្រូហ្វឹកហ្វឺនបច្ចេកទេសសុនខរបស់ស៊ីម៉ាក់ ឲ្យកាន់តែមានសមត្ថភាពថែមទៀត ដើម្បីបម្រើការនៅក្នុងវិស័យសកម្មភាពមីន។

 

ឆ្លងតាមការហ្វឹកហ្វឺន នៃមូលដ្ឋានគ្រឹះបច្ចេកទេសអ្នកកាន់សុនខហិតមីនជំនាន់ទី២១ និងវគ្គហ្វឹកហ្វឺនសុនខល្បាតកន្លងមកនេះ យើងឃើញថាសិក្ខាកាមទាំងអស់បានយក ចិត្តទុកដាក់ក្នុងការរៀនសូត្រ និងបានអនុវត្តជាមួយសុនខហិតមីនខ្សែខ្លី, សុនខហិតគ្រឿងផ្ទុះ និងសុនខហិតរក មីនខ្សែវែង សុនខហិតរកមនុស្សដែលជាជំនាញថ្មីព្រមទាំងសុនខល្បាត សិក្ខាកាមទាំងអស់ បានយកចិត្តទុក ដាក់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងផងដែរ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង