ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក

  • កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំដល់យុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក គាំទ្រលើកទឹកចិត្តស្មារតីការពារទឺកដី រួមកម្លាំងជុំវិញរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

    ឯកឧត្តមបណ្ឌិតបានណែនាំបែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ឆ្នាំង » នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ។

    វេទិកានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សនិងជាប្រធានយុវជនគណបក្សខេត្តកំពង់ឆ្នាំង, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តមប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក. ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែន នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមប្រមាណចំនួន ៧៦៦ រូប។

    ក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។

    ឯកឧត្តមបណ្ឌិតបានជម្រាបអង្គវេទិកាពីស្ថានភាពពិតប្រាកដ និងការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ, ការដាក់ចេញនូវយន្តការការទូត និងច្បាប់អន្តរជាតិ, ការផ្សព្វផ្យាយព័ត៌មាននៅគ្រប់បណ្តាញសង្គម ពីការពិតនិងសោដនាដ្ឋកម្មនៃការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់ ឱ្យដល់គ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឱ្យយល់ច្បាស់ពីការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។

    បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអបរំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្សប្រកបដោយប្រសិទ្ធភាព ហើយត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី។

    លើសពីនេះទៀត ឯកឧត្តមបណ្ឌិត បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ហើយត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក។

    ជាងនេះទៀត ឯកឧត្តមបណ្ឌិត បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន និងត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់, អុជអាល, លាភព័ណ៌, មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង