កំពង់ឆ្នាំង ៖ឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង បានរំលឹកទៅមន្ត្រីអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ឲ្យបង្កើនការយកចិត្តទុកដាក់ ចំពោះបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវតែដោះស្រាយឲ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ។
ឯកឧត្តម ម៉ែន ធឿន បានថ្លែងរំលឹកដល់មន្ត្រីបែបនេះ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ឯកឧត្តម ម៉ែន ធឿន បានថ្លែងបញ្ជាក់ថា រាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិការនេះ ត្រូវធ្វើការដោះស្រាយភ្លាមៗ ។ករណីមិនអាចដោះស្រាយបាន ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាល ត្រូវលើកយកទៅពិភាក្សារកដំណោះស្រាយ នៅពេលក្រោយបន្តទៀត ដោយមិនត្រូវទុកបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋចោល ឬគេចវេស នោះឡើយ ។
សូមបញ្ជាក់ថា អង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកកំពង់លែងនាពេលនោះ ទទួលបានសំណូមពរពីប្រជាពលរដ្ឋដែលបានចូលរួមមាន ចំនួន២៦ករណី ដោះស្រាយភ្លាមៗបានចំនួន២៥ករណី និងនៅសល់១ករណី ៕