កំពង់ឆ្នាំង ៖ទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យមានជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលបង្ករឡេីងដោយទឹកភ្លៀង ជន់លិចកន្លែងមួយចំនួនក្នុងវត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត ) ផ្លូវ និងលំនៅដ្ឋានមួយចំនួន របស់ប្រជាពលរដ្ឋ នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ។

នៅក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាពេលនោះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ជំរាបដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្តខ្ពស់ពិសេសកុមារ ។បើមានបញ្ហាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីអាជ្ញាធរ ស្រុក ខេត្ត និងអង្គភាពពាក់ព័ន្ធមានវិធានការ និងដោះស្រាយបានទាន់ពេលវេលា ៕ អត្ថបទ ៖ ហឹង ចូច













