អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងនឹងសាងសង់ទីទួលសុវត្ថិភាពមួយកន្លែងស្ថិតនៅឃុំខុនរ៉ង ក្នុងស្រុកបរិបូណ៌ ដើម្បីត្រៀមបម្រុងសម្រាប់ទទួលប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្នពេលមានគ្រោះទឹកជំនន់កើតឡើង។បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង គម្រោងនេះ មានការគាំទ្រពីWFP មានការសាងសង់សំណង់នានារួមមាន រោងអគាររឹងមាំសម្រាប់ស្នាក់នៅ បន្ទប់ទុកដាក់សម្ភារៈ ចង្រ្កានចំអិនអាហាររួម បន្ទប់ទឹក បង្គន់អនាម័យ បំពាក់បណ្តាញអគ្គីសនីសូឡា និងរោងម៉ាស៊ីនភ្លើងជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ភូមិ និងក្រុមការងារគម្រោងថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យទីតាំងនិងប្រជុំពិភាក្សាពីការសម្រេចលើការសាងសង់ទីទួលសុវត្ថិភាពនោះ ហើយការពិភាក្សាក៏បានលើកឡើងអំពីតម្រូវការបំពេញបន្ថែមឯកសារគាំទ្រនានា ធ្វើការប៉ាន់ប្រមាណផលប៉ះពាល់សង្គម និងគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ទីទួលសុវត្ថិភាព និងការជម្លៀស៕