ម្ចាស់​ជ័យ​លា​ភីធីតា​ឯក​សង្ក្រាន្ត​រដូវ​កាល​ទី​៣​ ទស្សន​កិច្ច​​​នៅវិ​ទ្យាល័យ​ចំណេះ​ទូទៅ​ និង បច្ចេក​ទេស​ ព្រះ​បាទ​សម្ដេច​បរម​នាថ​ នរោត្ត​មសី​ហមុ​នី

  • ​​បន្ទាប់ពីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ ម្ចាស់ជ័យលាភីក្រកួតថ្នាក់ជាតិធីតាឯកសង្ក្រាន្តរដូវកាលទី៣ ​ដែលជាតួអង្គទេវតាឆ្នាំថ្មី បានធ្វើទស្សនកិច្ចទៅស្រុកកំណើតរបស់ខ្លួននៅខេត្តកំពង់ឆ្នាំង ជាលើកដំបូងដើម្បីអបអរសាទរ និង ថ្លែងអំណរគុណដល់បង​ប្អូនអ្នកខេត្តកំពង់ឆ្នាំងដែលបានគាំទ្រ អំពីដំណើរការប្រកួត រហូតដល់មានការគាំទ្រខ្លាំងសម្រាប់វីដេអូផ្ទេរដំណែងឆ្នាំខាល នៃព.ស.២៥៦៦ គ.ស.២០២២ ​កន្លងទៅនេះ ។

    លោក សំបូរ ឧត្តម អ្នកដឹកនាំគម្រោងនៃកម្មវិធី ធីតាឯកសង្ក្រាន្តនៃក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធឺធេនមិន បានបញ្ជាក់ថា កម្មវិធីដំណើរ​ទស្សនកិច្ចនេះធ្វើឡើងក្រោមប្រធានបទ ការលើកទឹកចិត្តយុវជនអោយចូលរួមចំណែកក្នុងការថែរក្សា អភិរក្សវប្បធម៌ ប្រពៃណីខ្មែរ ដែលជាបំណងរបស់​ម្ចាស់ជ័យលាភី ធីតាឯកសង្ក្រាន្តផ្ទាល់តែម្ដង។

    ​ក្រៅពីការចូលរួមទទួលស្វាគមន៏យ៉ាងកក់ក្តៅពីសិស្សានុសិស្សជាច្រើននាក់នៅវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចបរមនាថ នរោត្តម​សីហមុនី ក៏ មានការចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ និង មហាជនដែលរស់នៅខេត្តកំពង់ឆ្នាំងជាច្រើនទៀត។កញ្ញា ហេងរិន្ទ សុ​ម៉ាលីតា ជាធីតាឯកសង្ក្រាន្តរដូវកាលទី៣ ក៏ជាបេក្ខនារីតំណាងខេត្តកំពង់ឆ្នាំង បានបង្ហាញក្តីរីករាយឥតឧបម៉ា ចំពោះបងប្អូន សិស្សានុសិស្ស ខេត្តកំពង់​ឆ្នាំងដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងដំណើទស្សនកិច្ចនេះ ពិសេសកញ្ញាបានលើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមគាំទ្រសិល្បៈ វប្បធម៌ខ្មែរ​អោយច្រើនកុះករ ព្រោះថាមានតែប្រជាជន យើងនិង ជាតិសាសន៏យើងទេ ដែលធ្វើការគាំទ្រនិង ចូលរួមអភិរក្សសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរអោយបាន​គងវង្ស និង ល្អប្រសើរឡើង ។ក្រៅពីការចូលរួមពីជ័យលាភីលេខ១ នៃកម្មវិធីធីតាឯកសង្ក្រាន្ត រដូវកាលទី៣ យើងក៏ឃើញមានការចូលរួមពីជ័យលាភី៤រូប​ទៀតរបស់កម្មវិធីធីតាឯកសង្ក្រាន្តរដូវកាលទី៣ ដូចជា កញ្ញា ជា សោភា ,កញ្ញា សុត សុជាតា, កញ្ញាសាយ សោភណ្ឌ និង កញ្ញាឃិន ចិន្តមារតី ។

    ​លោក ហេង សុចិត្រ នាយកវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចបរមនាថ នរោត្តមសីហមុនី បានប្រសាសន៏ដោយសោមនស្សរីករាយ ​ក្នុងការស្វាគមន៏ធីតាឯកសង្ក្រាន្តរដូវកាលទី៣ មកទស្សនកិច្ចនៅខេត្តកំណើតខ្លួន ជាមួយនឹងលទ្ធផលដ៏ល្អ ក្នុងការលើកមុខមាត់អ្នករស់នៅខេត្ត​ទាំងមូល ពិសេសលោកសូមថ្លែងអំណរគុណដល់ក្រុមការងារធីតាឯកសង្ក្រាន្ត ដែលបាននាំ យកទឹកអាល់កុលចំនួន ១៨០ លីត្រ មួកសុវត្ថិភាព និង ​ដបអាល់កុល ជាច្រើនសម្រាប់ចែកជូនដល់សិស្សានុសិស្ស និង សម្រាប់សាលាប្រើប្រាស់ ដើម្បីការពារសុខុមាលភាពសិស្សានុសិស្សសម្រាប់ ។

    ​កម្មវិធីនេះអាចដំណើរការបានក្រោមការសហការផលិតរវាងទូរទស្សន៏ជាតិកម្ពុជា និង ក្រុមហ៊ុនហ្វាន់ អេនធឺធេនមិន និង សហការឧបត្ថម្ភដោយក្រុម​ហ៊ុន ហ្វូត ផេនដា ផងដែរ។ នេះជាសកម្មភាពដ៏ប្រពៃពីម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ដែលជាគំរូដ៏ល្អមួយ បន្ទាប់ពី ពិធីផ្ទេរដំណែងទេវតាឆ្នាំ​ថ្មី នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង