កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ដោយលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ត្រូវបានផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងតែងតាំង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ជំនួសវិញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និង ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍កោតសរសើរដល់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជាគ្រប់គ្រងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ។

ចំពោះនាយក ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលចំនួន៣គឺ ការងារគ្រប់គ្រង ការងារកសាងអង្គភាព និង ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈ កងរាជអាវុធហត្ថ និង សហការសម្រេចភារៈកិច្ច ៕




