ប្រជា​ក​សិក​រ​នៅ​ក្នុង​ខេត្ត​​កំ​​ព​ង់​​ឆ្នាំង​​ ប្រ​​មូល​​ផល​​ស្រូវ​វស្សា​​បាន​ជាង​​៥០​​ភាគ​​រយ​​ហើយ​​

  • កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជាង៥០ភាគរយហើយ ខណ:ពេលដែលប្រជាកសិករមួយចំនួនទៀត កំពុងសម្រុកធ្វើការដាំដុះស្រូវប្រាំង ក្រោយពីទឹកទន្លេបានចាប់ផ្តើមស្រកចុះ ជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក​​ ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។

    លោក ងិន ហ៊ុន បានឲ្យដឹងថា ឆ្នាំនេះប្រជាកសិករ នៅទូទាំងខេត្តកំពង់ឆ្នាំង ធ្វើការដាំដុះស្រូវវស្សា បានចំនួន១៣៨ ៤២៥ហិកតា។គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា នេះ សម្រេចប្រមូលផលបានចំនួនចំនួន៧០ ០០៨ ហិកតា ស្មើនឹង៥០,៥៧ភាគរយ ដោយទទួលបានទិន្នផលជាមធ្យម៣ ៦៨៧តោន ក្នុងមួយហិកតា ។

    លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ឆ្នាំនេះស្រូវថ្លៃខ្ពស់ជាងឆ្នាំមុន សម្រាប់ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ១ ២០០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន៥០រៀលក្នុង១គីឡូក្រាម ។ ស្រូវក្រអូបស្ងួតតម្លៃ១ ៤៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២០ ចំនួន១០០រៀល ក្នុង១គីឡូក្រាម ។

    លោក ងិន ហ៊ុន បានឲ្យដឹងបម្ថែមទៀតថា ក្នុងពេលដែលប្រជាកសិករ មួយចំនួនកំពុងតែមមាញឹកប្រមូលផលស្រូវវស្សា ដោយឡែកកសិករមួយចំនួន ក៏បានចុះធ្វើការដាំដុះស្រូវប្រាំងជាបណ្តើៗផងដែរក្រោយពីទឹកទន្លេចាប់ផ្តើមស្រកចុះនោះ ។

    គិតត្រឹមថ្ងៃទី៣០ វិច្ឆិកា នេះ នៅទូទាំងខេត្តសម្រេចធ្វើការដាំដុះស្រូវប្រាំងបានចំនួន៥ ០៧៦ហិកតាហើយ ស្មើនឹង១៣,៧២ភាគរយលើផែនការចំនួន៣៧ ០០០ ហិកតា ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង