ឯក​ឧត្តម​ វង្សី​ វិស្សុត​ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គ​មី​ទ្ទីង​ អប​អរ​សាទ​រខួប​លើក​ទី​៤៥ ​នៃ​ទិវា​ជ័យ​ជម្នះ​ ៧​មករា​ នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ​២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសួនច្បារវិមានឯករាជ្យ ទីរួមខេត្តកំពង់ឆ្នាំង។

    អង្គមីទ្ទីងដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា និងក្រុមការងារចុះមូលដ្ឋាន គណៈអភិបាល និងក្រុមប្រឹក្សាខេត្ត.ក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ ។

    ការរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏មានការសម្តែងអំពីឈុតឆាក នៃសោកនាកដកម្ម អំពើឃោរឃៅ ការកាប់សម្លាប់ប្រជាជនស្លូតត្រង់ ទុក្ខលំបាកវេទនាដ៏ឈឺចាប់ខ្លោចផ្សាក្នុងរបបដ៏សាហាវយង់ឃ្នងនោះ និងការរំដោះខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដណ្តើមជ័យជម្នះពីបនក្បត់នៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដើម្បីជាការពញ្ញាក់អារម្មណ៍មហាជន ឱ្យនឹកឃើញនូវការលះបង់ ដ៏មហាពលិកម្មយ៉ាងធំធេង និងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន និងជាតិមាតុភូមិ។

    ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានអានសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា ដ៏មហោឡារឹក ដែលជាថ្ងៃបុណ្យជាតិរបស់ប្រជាជនកម្ពុជា ជាស្មារតីចងចាំជានិច្ចនូវការរួចផុតពីរបបប្រល័យពូជសាសន៍ ។

    ស្នាមញញឹមដ៏កក់ក្តៅ និងរីករាយ ជាមួយនឹងអំណរសាទរ ទិវាជ័យជម្នះ៧មករា ដែលបានធ្វើឱ្យប្រទេសជាតិ និងប្រជាជនមានជីវិតរស់រានឡើងវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។

    ក្នុងអង្គមីទ្ទីងនេះដែរ ក៏មានចំណាប់អារម្មណ៍ប្តេជ្ញាចិត្តរបស់ក្រុមយុវជនជាអ្នកបន្តវេន បង្ហាញនូវការរំលឹកដឹងគុណ និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង