កំពង់ឆ្នាំង ៖ដើម្បីរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឳកាសថ្ងៃបុណ្យចូលឆ្នាំចិន ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានដាក់កម្លាំង នៅតាមគោលដៅ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងផ្សព្វផ្សាយដល់ក្រុមអាជីវករ កុំឲ្យលក់ផាវ កាំជ្រួច និងគ្រឿងផ្ទុះគ្រប់ប្រភេទ ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះថា នៅក្នុងឳកាសបុណ្យចូលឆ្នាំចិន នាពេលកន្លងមកពិនិត្យឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន តែងតែយកផាវ កាំជ្រួច ឬឧបករណ៍បំផ្ទុះផ្សេងៗ មកប្រើប្រាស់ ដើម្បីលម្អរ និងបង្ករឲ្យមានសំឡេងផ្ទុះ ឆេះ ដែលអាចនាំឲ្យកើតមានគ្រោះមហន្តរាយតូច ធំ គ្រប់ប្រភេទជាយថាហេតុ ។

ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំដល់គ្រប់អធិការដ្ឋានក្រុង ស្រុក ដាក់កម្លាំងនៅតាមគោលដៅ ចុះរៀបចំសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ និងផ្សព្វផ្សាយដល់ក្រុមអាជីវករនៅតាមផ្សារនានា មិនឲ្យមានការលក់ផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗឡើយ ។

លោកអៀរ ប៊ុនធឿន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យដុតផាវ កាំជ្រួច ឬឧបករណ៍ផ្សេងៗ ដែលបង្ករឲ្យមានសំឡេងផ្ទុះនៅតាមកម្មវិធីផ្សេងៗ ក្នុងគេហដ្ឋាន ឬនៅតាមទីសាធារណៈ ជាហេតុបង្ករឲ្យមានការប៉ះពាល់ដល់សន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សង្គម ។

ជាមួយគ្នានេះ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ចរន្តអគ្គិសនី ប្រេងឥន្ទនៈ ហ្គាស់ និងការដុតទៀន ធូប ឬសម្ភារៈផ្សេងៗទៀត ដែលតុបតែងលម្អរសោភណ្ឌភាព នៅតាមមន្ទីរ អង្គភាព គេហដ្ឋាន ឬទីសាធារណៈ ដែលអាចបង្ករឲ្យមានអគ្គិភ័យកើតឡើង ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ៕











