ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា តាមរយៈការព្យាករអាកាសធាតុ លើកទី២ សម្រាប់ឆ្នាំ២០២០ នឹងមានកូនរដូវប្រាំង កើត ឡើង ចាប់ពីពាក់កណ្តាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។
បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុ នឹងត្រឡប់មកប្រក្រតីឡើងវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់រាយប៉ាយបានល្អ លើផ្ទៃប្រទេស ដោយបរិមាណទឹកភ្លៀង ពីមធ្យម ទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាលអោយមួយចំនួនដែលមានភូមិសាស្ត្រទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យសាធារណជន ពិសេសបងប្អូនប្រជាកសិករ យកចិត្តទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឲ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល៕