សាលា​អនុ​គណ​ក្រុង​កំពង់​ឆ្នាំង ​ប្រារព្ធ​ពិធី​បុណ្យ​សំពះ​ព្រះ​ខែ​ និង​អក​អំបុក​នៅ​វត្ត​ទេព​ធីតា​រាម​ ហៅ​វត្ត​យាយ​ទេព​ក្រុង​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖នារាត្រីថ្ងៃ ១៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សាលាអនុគណក្រុងកំពង់ឆ្នាំង ដឹកនាំដោយព្រះវិមលញាណ ឆន ឆុង បានប្រារព្វពិធីបុណ្យសំពះព្រះខែ អកអំបុក នៅវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    កម្មវិធីនារាត្រីនោះ បានប្រព្រឹត្តតាមលំដាប់លំដោយ នៃទំនាមទម្លាប់ ប្រពៃណី នៃព្រះពុទ្ធសាសនា មានពិធីសម្រក់ទៀនជ័យផ្សងដំណើរទឹកភ្លៀង សំពះព្រះខែ អកអំបុក ព្រមទាំងមានការសំដែងសិល្បៈ ក្បាច់គុណល្បុកតោ កីឡាបោកចំបាប់ បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទរ បង្ករភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋផងដែរ ។

    ព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង និងជាចៅអធិការវត្តទេពធីតារាមបានមានថេរដីការថា ពិធីបុណ្យសំពះព្រះខែអកអំបុកត្រូវបានប្រជាពលរដ្ឋខ្មែរយើង ធ្វើឡើង ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាសត្វទន្សាយ ។ ហើយទន្សាយដែលជាតួអង្គព្រះពោធិសត្វ ប៉ងនឹងលះបង់អាយុសង្ខារ ដល់ព្រះឥន្ទ្រាធិរាជ ដើម្បីបំពេញទានបារមី ។

    រឿងរ៉ាវដែលទាក់ទងនឹងព្រះពោធិសត្វដូច្នេះហើយ ដែលនាំឲ្យអ្នកស្រុកតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង