កំពង់ឆ្នាំង ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមន្ត្រីជំនាញគ្រប់អង្គភាព មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចទៅតាមជំនាញនិមួយៗឲ្យមានប្រសិទ្ធភាព ។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានមានប្រសាសន៍ណែនាំដល់មន្ត្រីបែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវពង្រឹងឱ្យបាននូវការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពបំផុត ព្រោះថាប្រសិនបើការអនុវត្តបានល្អ បទល្មើសមិនអាចច្រៀតចូលក្នុងមូលដ្ឋានបាននោះទេ ។ ជាមួយគ្នានេះត្រូវពង្រឹងវិធានការរដ្ឋបាល ច្បាប់ ដើម្បីការពារ និងទប់ស្កាត់បទល្មើសនានា ។

រដ្ឋបាលខេត្តត្រូវសម្របសម្រួលជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ក្នុងការផ្ទេរសេវាទៅអង្គភាពច្រកចេញចូលតែមួយ និងជម្រុញការដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ៕











