កំពង់ឆ្នាំង ៖ ក្រុមបាល់ទាត់យុវជនដែលជាសិស្សវិទ្យាល័យ មកពីស្រុកទឹកផុស បានឈ្នះស្រុកសាមគ្គីមានជ័យ ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០២២-២០២៣ នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រោមក្រសែភ្នែកអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ការប្រកួតរវាងក្រុមទាំង២ បានប្រឹងប្រែងដាក់សម្ពាធលើគ្នាទៅវិញទៅមក រហូតក្រុមបាល់ទាត់យុវជនស្រុកទឹកផុស មានឳកាសទាត់បាល់បញ្ចូលទី ខាងក្រុមបាល់ទាត់យុវជនស្រុកសាមគ្គីមានជ័យចំនួន២គ្រាប់ នៅវគ្គទី១ ។
ការប្រកួតក៏បានបន្តដល់វគ្គទី២ ប៉ុន្តែក្រុមទាំង២ មិនអាចរកគ្រាប់បាល់បានឡើយ ។ បញ្ចប់ការប្រកួតរយះពេល៩០នាទី ក្រុមបាល់ទាត់យុវជនស្រុកទឹកផុស បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុកសាមគ្គីមានជ័យ ក្នុងលទ្ធផល២ទល់នឹង០ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាឆ្នាំ២០២២ -២០២៣ នៅខេត្តកំពង់ឆ្នាំង គឺបានចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ដោយមានសមាសភាព ប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការនី សរុបចំនួន១៧០០នាក់ ។
ចំពោះវិញ្ញាសាបាល់ទាត់យុវជនសិស្សវិទ្យាល័យ ជយលាភីលេខ១ បានទៅលើស្រុកទឹកផុស ជយលាភីលេខ២ បានទៅលើស្រុកសាមគ្គីមានជ័យ និងជយលាភីលេខ៣ បានទៅលើស្រុកកំពង់លែង៕












