កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បានបង្ហើបពីគ្រោងប្រើប្រាស់សាច់ចៀម បង្កង និងទឹកដោះពពែ ដើម្បីជម្រុញទេសចរណ៍ម្ហូបអាហារប្រចាំខេត្ត ដែលរំពឹងថានឹងអាចទាក់ទាញទេសចរច្រើនថែមទៀត និងមានកំណើនចំណូលដល់សេដ្ឋកិច្ចខេត្តផងដែរ។ ការបង្ហើបអោយដឹងរបស់ឯកឧត្តមអភិបាលខេត្តបែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព មូលដ្ឋានឃុំ សង្កាត់និងទិសដៅការងារបន្ត” របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងទៀតថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននឹងកំពុងធ្វើការងារ ជាមួយនឹងធនាគារឯកជន ដើម្បីផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ក្នុងការពង្រីកគោលនយោបាយចិញ្ចឹមសត្វ សម្រាប់យកសាច់រួមមាន សត្វចៀម ពពែ និងបង្កងជាដើម ។

សត្វចៀមក្នុងកសិដ្ឋានមួយកន្លែងនៅស្រុកទឹកផុស
គួរបញ្ជាក់ថា សក្តានុពលខេត្តកំពង់ឆ្នាំង ពឹងផ្អែកវិស័យ សំខាន់ៗជាច្រើន រួមមាន វិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្ម ទេសចរណ៍និងសេវាកម្មជាដើម។ សម្រាប់តំបន់សក្តានុពលទេសចរណ៍របស់ខេត្តមានចំនួន ២៣កន្លែង ក្នុងនោះតំបន់សក្តានុពលធម្មជាតិ ១៣កន្លែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ១០កន្លែង៕ អត្ថបទ៖ សន សីហា










