កំពង់ឆ្នាំង៖ ថវិកាជាង២១ម៉ឺនដូល្លា ជាការចូលរបស់សប្បុរសជន ជូនដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី ១៥៩ដែលបានប្រារព្ធធ្វើ ក្រោមប្រធានបទ« ទាំងអស់គ្នាចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈម និង បន្តពង្រឹងភាពធន់សហគមន៍ » នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យកាន់តែស៊ីជំរៅក្នុងស្រទាប់ប្រជាជន និង មហាជន សាខា អនុសាខាត្រូវអនុវត្តឲ្យបានទូលំទូលាយបន្ថែមទៀត នូវគោលការណ៍គ្រឹះទាំង៧ចំណុច របស់ចលនាកាកបាទក្រហមគឺ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គចិត្ត ឯកភាព និងសកលភាព ។

លោកជំទាវ អគ្គលេខាធិកា បានសំណូមពរដល់គ្រប់ស្ថាប័ន សហគមន៍ សប្បុរសជន សូមបន្តធ្វើការងាររួមគ្នាក្នុងភាពជាដៃគូ ឲ្យបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព ស្របតាមទិសស្លោក (ធ្វើសកម្មភាពឲ្យបានកាន់តែច្រើនជាងមុន ឲ្យបានកាន់តែល្អជាងមុន និង កាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន ទៅតាមសភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លន ៕











