កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានរៀបចំសន្និបាតសាខា អាណត្តិទី៦ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

អញ្ជើញចូលរួមក្នុងអង្គសន្និបាតនាពេលនោះដែរមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ២៤០នាក់។

អង្គសន្និបាត បានដំណើរបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៦ ជាកញ្ចប់ និងសំងាត់។ ជាលទ្ធផលអង្គសន្និបាតបានគាំទ្រសមាសភាពទាំង១៥រូប របស់គណ:កម្មាធិការ សាខាអាណតិ្តទី៦ ដោយសំឡេង ៤៦លើ ៤៨សំឡេង។ អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង ជ្រើសរើស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ជាប្រធាន , លោកស្រី ប៊ន សុភី ជាអនុប្រធានអចិន្រ្តៃយ៍, លោក ម៉ៅ តារា ជា អនុប្រធាន, លោក អ៊ុ សុភ័ក្រ ជាហេរញ្ញិក, ឯកឧត្តមវេជ្ជ.ប្រាក់ វ៉ុន ជាលេខាធិការ និងសមាជិក សមាជិកា ១០រូបទៀត។

ជាមួយគ្នានេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់សេចក្តីសម្រេច និងតែងតាំងប្រធាននិងអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង សរុបចំនួន២២នាក់ ជូន ព្រះធម្មវនវសីបណ្ឌិត ចន្ទ មុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំងស្តីទី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនេះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណតិ្តទី៦ បានបើកកិច្ចប្រជុំណែនាំការងារអភិបាល គ្រប់គ្រងជូន គណៈកម្មាធិការសាខាអាណត្តិទី៦ទើបជាប់ឆ្នោតថ្មី ក្រុមប្រតិបត្តិសាខា អនុសាខា ដើម្បីអនុវត្តការងារមនុស្សធម៌របស់សាខា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ទាន់ពេលវេលាក្នុងការជួយសម្រាលការលំបាកដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ ៕ រូបថត ៖សន គន្ធនិវឌ្ឍន៍

















