សិស្ស​ពូកែ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ឆ្នាំ​នេះ​ វិទ្យា​ល័យ​ព្រះ​បាទ​សុរា​ម្រឹត​មាន​១៧​នាក់​ ក្នុង​ចំណោម​១៨​ នាក់​

  • កំពង់ឆ្នាំង ៖ សិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ចំនួន១៧ ក្នុងចំណោមជ័យលាភី១៨នាក់ បានប្រឡងជាប់សិស្សពូកែថ្នាក់ខេត្ត នៅទូទាំងខេត្តកំពង់ឆ្នាំង ។កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ កន្លងទៅនេះ មន្ទីរអប់យុវជន និងកីឡា ខេត្តកំពង់ឆ្នាំងបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ខេត្ត លើមុខវិជ្ជាអក្សសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ ។ ហើយការប្រឡងជ្រើសរើសសិស្សពូកែនេះ មានសិស្សចូលរួមចំនួន១៧០នាក់ មកពីសាលារដ្ឋ និងឯកជនចំនួន១៦ នៅទូទាំងខេត្ត ។

    ការប្រឡងសិស្សពូកែនេះ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានរកឃើញជ័យលាភី ចំនួន១៨នាក់ សម្រាប់ទៅចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នៅខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ខាងមុខ ។ នេះបើតាមសេចក្តីសម្រេចស្តីពីការទទួលស្គាល់សិស្សពូកែ នៅទូទាំងខេត្ត របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃ៧ ខែមេសា ឆ្នាំ២០២៣ ។ ក្នុងចំណោមជ័យលាភីចំនួន១៨នាក់ មានសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន១៧នាក់ និងម្នាក់ទៀតមកពីអនុវិទ្យាល័យពន្លៃ ក្នុងស្រុកបរិបូរណ៍ ។

    លោកស្រី លឿង បញ្ញាវុឌ្ឍ នាយិកាស្តីទីវិទ្យាល័យព្រះបាទសុរាម្រឹត បានឲ្យដឹងថា ឆ្នាំនេះ វិទ្យាល័យព្រះបាទសុរាម្រឹត មានសិស្សប្រឡងជាប់សិស្សពូកែច្រើន គឺចំនួន១៧នាក់ក្នុងចំណោម១៨នាក់ នៅទូទាំងខេត្ត ។ លោកស្រីបញ្ជាក់ថា លទ្ធផលនេះគឺផ្តើមចេញពីកត្តាជាច្រើនដូចជា ការខិតខំប្រឹងប្រែងព្យាយាម​​រៀនសូត្ររបស់សិស្ស ការរៀបចំរបស់សាលា គឺសាលាបានប្រឡងជ្រើសរើសសិស្សពូកែឲ្យចូលរៀននៅថ្នាក់Bs ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ គួបផ្សំ នឹងការយកចិត្តទុកដាក់បង្ហាត់បង្រៀនពីសំណាក់ លោកគ្រូ អ្នកគ្រូដែលពោរពេញដោយ បទពិសោធន៍ច្រើន ក្នុងការបង្រៀនដោយមិនខ្លាចនឿយហត់ ក៏ដូចជាការចូលរួមពីឪពុក ម្តាយ អាណាព្យាបាលសិស្ស សហគមន៍ និងគណៈគ្រប់គ្រងសាលា ទើបសិស្សទទួលបានចំណាត់ថ្នាក់ជាសិស្សពូកែទាំងនៅថ្នាក់ខេត្ត និងថ្នាក់ជាតិ ។ មានន័យថា ការអប់រំ គឺជាកាតព្វកិច្ចទាំងអស់គ្នា ទើបសាលា ទទួលបានលទ្ធផលល្អបែបនេះ ។

    លោកស្រី នាយិកាស្តីទី បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ទិសដៅបន្តសាលា នឹងជម្រុញ ឲ្យសិស្សខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការរៀនសូត្របន្ថែមទៀត ហើយលោកគ្រូ អ្នកគ្រូក៏ត្រូវខិតខំប្រឹងប្រែងក្នុងការបង្រៀនឲ្យបានល្អ ដោយរិៈរកនូវបទពិសោធន៍ថ្មីៗ បន្ថែមទៀតជាពិសេស គឺការបង្រៀន​តាមបែបស៊្ទែម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

    លោកស្រី លឿង បញ្ញាវុឌ្ឍ ក៏បានលើកទឹកចិត្តដល់សិស្សដែលមិនទាន់បានប្រលងជាប់ជាសិស្សពូកែ ឲ្យខិតខំរៀនសូត្របន្ថែមទៀត និងបានសំណូមពរដល់ឪពុក ម្តាយ អាណាព្យាបាលសិស្ស ទាំងអស់ មេត្តាជួយលើកទឹកចិត្ត និងជម្រុញកូនៗឲ្យខិតខំ យកចិត្តទុកដាក់ក្នុងការរៀនសូត្រ ព្រមទាំងតាមដានការសិក្សារៀនសូត្ររបស់កូនជាប់ជាប្រចាំ ដោយសហការឲ្យបានល្អជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់ ក៏ដូចជាគណៈគ្រប់គ្រងសាលារៀន ដើម្បីឲ្យបានជាប់ជាសិស្សពូកែកាន់តែច្រើនបន្ថែមទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង