កំពង់ឆ្នាំង៖ កំពង់ឆ្នាំង គឺជាខេត្តជាប់បឹងទន្លេសាបមួយរបស់កម្ពុជា ដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំស្រូវសម្រាប់បម្រើឲ្យការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញ។ យ៉ាងណាមិញនៅឆ្នាំនេះ ក្រោយពីការងារប្រមូលផលស្រូវវស្សាបានបញ្ចប់ នៅពេលនេះប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង កំពុងសម្រុកក្នុងការដាំដុះស្រូវប្រាំង ជាបន្តបន្ទាប់ទៀត ខណៈដែលស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះប្រជាកសិករកំពុងសម្រុកធ្វើការដាំដុះស្រូវប្រាំង ដែលគិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ នៅទូទាំងខេត្តសម្រេចដាំដុះស្រូវប្រាំងបានលើផ្ទៃដី ចំនួន ៣៩.៩៤១ហិកតា ស្មើនឹង ១០៥,៩៤ភាគរយ នៃផែនការចំនួន ៣៧.៧០០ហិកតា។ លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ឆ្នាំនេះ ការងារដាំដុះស្រូវប្រាំង ប្រជាកសិករធ្វើបានលឿនជាងឆ្នាំមុន ខណៈពេលដែលឆ្នាំនេះតម្លៃស្រូវ ក៏ខ្ពស់ជាងឆ្នាំមុនដែរ។ ចំពោះស្រូវក្រអូបស្ងួត តម្លៃ ១.៥០០រៀល ក្នុង ១គីឡូក្រាម ខ្ពស់ជាងដើមឆ្នាំ ២០២៣ ចំនួន ១៩០ ក្នុង១គីឡូក្រាម។ ស្រូវចម្រុះស្ងួត ជាមធ្យមតម្លៃ ១.២៨០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាង ឆ្នាំ២០២៣ ចំនួន ៨០រៀល ក្នុង១គីឡូក្រាម៕