កំពង់ឆ្នាំង ៖កម្លាំងចម្រុះរបស់ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចឃាត់ខ្លួនមនុស្ស២នាក់ និងត្រាក់ទ័រ២គ្រឿង ពីបទធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក(តំបន់៣) ខុសច្បាប់ នៅក្នុងភូមិសាស្ត្រឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្ត្រីសមត្ថកិច្ចស្ថិតក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឈូសឆាយដីព្រៃលិចទឹកនេះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននេះ ១,ឈ្មោះ យ៉ន ចិន្តា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាម្ចាស់ដី ។២,ឈ្មោះ ហូត ហ៊ីម ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិជ្រលង ភូមិដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមេការត្រាក់ទ័រ ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការពិនិត្យជាក់ស្ដែង កម្លាំងចម្រុះបានរកឃើញមានការឈូសឆាយដីព្រៃលិចទឹកចំនួន២ទីតាំង ដែលទីតាំងទី១ ទំហំ០,៦៧ ហិកតា និងទីតាំងទី២ទំហំ២,៥០ហិកតា ។

ជនសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល ដើម្បីសាកសួរយកម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាំនិតិវិធីច្បាប់ ៕










