គិតមកត្រឹមថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ ខណៈពេលកំពុងបំពេញសកម្មភាពនៅសាធារណរដ្ឋម៉ាលី នោះ បានជាសះស្បើយទាំងស្រុងវិញអស់ហើយ និងមិនមានករណីឆ្លងថ្មីមកលើទាហានកម្ពុជាទៀតឡើយ។ នេះបើតាមការអះអាងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ។
គួររំលឹកថា កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមាន៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង១នាក់បានពលីជីវិត កាលពីថ្ងៃទី២៩ ខែឧសភា។
ទោះបីជាមិនមានករណីឆ្លងថ្មីមកលើទាហានកម្ពុជា ប៉ុន្តែ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការពារជាតិ តាមរយៈមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នៅតែបន្តធ្វើការតាមដាន និងណែនាំ ក្រើនរំលឹកជាប់ជាប្រចាំ ដល់កងកម្លាំងទាំងអស់ដែលបំពេញបេសកកម្មនៅក្រៅប្រទេស អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវចំនួន៥កងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះមាននារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
គិតមកដល់ករណីពលីដោយសារជំងឺកូវីដ១៩ម្នាក់ចុងក្រោយនេះ កម្ពុជាមានទាហានពលីដោយមូលហេតុផ្សេងៗក្នុងពេលបំពេញបេសកកម្មក្រោមឆ័ត្រអង្គកាតសហប្រជាជាតិចំនួន៨នាក់ហើយ៕











