អគ្គីភ័យឆាបឆេះចម្ការកូនឈើដាំសម្រាប់ធ្វើមេពូជជាង ៤០ហិកតានៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

  • ចម្ការកូនឈើដាំសម្រាប់ធ្វើ​មេពូជជាង ៤០ហិកតា ក្នុងចំណោម ៦០០ហិកតា នៅភូមិត្រពាំងថ្ម ឃុំឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀម​​រាប ត្រូវ​បាន​អគ្គីភ័យឆាបឆេះកាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។ នេះបើតាម​ការអោយ​ដឹង​ពីលោក សេង លន នាយសង្កាត់រដ្ឋបាល​ព្រៃ​ឈើ កន្ទួត​ខ្នា​ក្រៅ​​​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០។

    លោក ​សេង ​លន ​បាន​អោយ​ដឹង​បន្តថា​ ករណី​អគ្គីភ័យ​នេះបានកើតឡើង​ចាប់ពីម៉ោង​៤ល្ងាច ដល់ម៉ោង​៩និង​៥៥នាទី​យប់​ទើបព​ន្លត់​បាន​​ ទាំង​ស្រុង​។ លោក​បានប​ង្ហាញ​ពី​ការ​​ព្រួយ​បារម្ភចំពោះបញ្ហាភ្លើងឆេះព្រៃនៅរដូវប្រាំងនេះ ដោយ​សារ​​តែ​នៅ​​ក្នុងតំបន់​នេះ​ មាន​ចម្ការ​មេពូជ​ឈើ​គ្រញូង​ជាច្រើន​​ហិកតា ដែលមាន​សត្វព្រៃរស់នៅជា​ច្រើនប្រភេទ ​ហើយ​ត្រូវ​បាន​​ជនខិល​ខូចព្យាយាម​លួ​ចកាប់​និង​ដុតបំផ្លាញ​។ លោកថា បើ​សិន​ជាមាន​ករណីឆេះ​នៅក្នុង​តំបន់​​អភិរក្ស​ចម្ការ​មេពូជឈើគ្រញូង​នេះ នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ធ​នធាន​ធម្មជាតិ ជាពិសេស​គឺប្រភេទ​ឈើកម្រ ​និង​សត្វព្រៃ។

    លោក ​បានបញ្ជាក់​ទៀត​ថា បច្ចុប្បន្ននេះ​សង្កាត់​រដ្ឋបាល​ព្រៃឈើកន្ទួតខ្នាក្រៅ ​ដែល​ស្ថិត​នៅ ​ឃុំឃុន​រាម ស្រុកបន្ទាយ​ស្រី ខេត្ត​សៀមរាប​ បាន​ប្រើ​​ប្រាស់​វិធាន​​ការ​​គ្រប់មធ្យោបាយ​ដើម្បី​ទប់ស្កាត់ភ្លើងឆេះព្រៃនេះ ប៉ុន្តែលោកបានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋទាំង​អស់​ចូល​រួម​ការពារ​ភ្លើង​ឆេះ​ព្រៃ​នេះ​ទាំងអស់​គ្នា ប្រសិនជា​គ្មាន​ការ​ចូលរួម​ពីប្រជា​ពល​រដ្ឋទេ បញ្ហាភ្លើងឆេះ​ព្រៃ​នេះ ប្រឈម ​និង​មាន​​ការ​​កើត​​ឡើង​ខ្លាំង​។​

    គួរ​បញ្ជាក់​ថា នៅក្នុង​​ស្រុក​​បន្ទាយ​ស្រី ខេត្តសៀម​រាប​ មាន​​ចម្ការ​មេពូជ​ឈើ​គ្រញូង​ដែល​ដុះ​ដោយ​ធម្មជាតិ​ជាច្រើន​​ហិកតា​ ត្រូវ​បាន​​អភិរក្ស​ និង​មាន​​ចម្ការ​កូន​ឈើ​ចម្រុះ​ដាំ​ឡើង​វិញ​ជាច្រើន​ទៀត ដែល​ត្រូវ​​ចូលរួម​ការ​ពារ​ទាំង​​អស់​គ្នា​៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង