កំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូបុកគ្នាជាមួយ និង ម៉ូតូមួយគ្រឿងទៀតរួចប៉ើងខ្ទាតចូលក្រោមរថយន្តកិនពីលើ ចំណែកជនរងគ្រោះម្នាក់ទៀតបានរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះស្ថិតក្នុងនៅភូមិព្រែខ្មែរ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប៉ូលីសចរាចរស្រុករលាប្អៀរ បានឲ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបង្ករឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ក្នុងទិសដៅច្រាស់គ្នានៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រ៨១-៨២ ។ ក្នុងនោះម៉ូតូមួយគ្រឿងម៉ាមហុងដាC125ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1H-23 39 បើកបរដោយឈ្មោះសុខ ទិត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងដំណើរច្រាស់ទិស ជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125 ពណ៌ ពាក់ស្លាកលេខកំពង់ឆ្នាំង1C- 99 98 បើកបរដោយឈ្មោះឆៃ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិទឹកចេញ ឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ម៉ូតូទាំង២គ្រឿងនេះបានប៉ះគ្នាបណ្តាលឲ្យដួល ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-10 88 ជាប្រភេទរថយន្តក្រឡុកស៊ីម៉ងត៍ បើកមកពីក្រោយកិនពីលើស្ត្រីរងគ្រោះឈ្មោះឆៃ ស្រីមុំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង ជនរងគ្រោះម្នាក់ទៀតឈ្មោះសុខ ទិត រងរបួសធ្ងន់ ។
នៅក្នុងហេតុការណ៍នេះ អ្នកបើកបររថយន្តបានបើករត់គេចរហូតដល់សាលារៀនទឹកហូត ទើបចតរថយន្តទុកចោល ហើយរត់គេចខ្លួនបាត់ ។ ចំពោះមធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកមករក្សាទុក រង់ចាំដោះស្រាយ តាមនិតិវិច្បាប់ ៕










