បញ្ចប់​ការ​បិទភ្ជិត​ទំនប់ដែល​ធ្លាយ​បាក់ ដោយ​សារ​​ជំនន់​ទឹក​ស្ទឹ​​​ង​​ព្រែក​​ត្នោត ក្នុងខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ

  • ភ្នំពេញ៖ អន្តរាគមន៍បិទភ្ជិតទំនប់សណ្តស្ទឹងព្រែកត្នោតក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ដែលធ្លាយបាក់​ដោយសារ​​ទឹកជំនន់កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បាន​បញ្ចប់​​​​រួចរាល់ហើយកាលល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ដោយមានកិច្ចសហការរវាងក្រសួងធនធានទឹក និងឧតុនិយម និង អាជ្ញាធររាជធានីភ្នំពេញ ។

    ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចំណុចដែលបាក់ធ្លាយជា​សំណង់ទ្វារទឹកចាស់ កសាង​​ឡើងក្នុងរបប​ប្រល័យ​​ពូជសាសន៍​​​ប៉ុល​ពត​​ត្រូវ​​​​​គេ​លប់ជា​ច្រើនឆ្នាំមក​ហើយ។ ក្រោយ​រងការ​​ខូចខាត​ពេល​នេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបន្តជួស​ជុល និងកែលម្អផ្លូវបន្ថែម ដើម្បីបើក​បម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញជូនប្រជាពលរដ្ឋ។

    ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងទៀតថា ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ក៏បានបញ្ចប់ជាស្ថាពរដែរនៅរសៀលនៅថ្ងៃទី២៩ ខែតុលា ម្សិលមិញ ដោយកម្ពស់ទឹកស្ទឹងព្រែកត្នោត​​មានត្រឹម ៥,០៨ម៉ែត្រ ខណៈដែលកម្រិតប្រកាសអាសន្នគឺ ៥,១០ម៉ែត្រ ហើយថ្ងៃទី២៧ ខែតុលា ដែល​​​ទឹកជំនន់ឡើងដល់ចំណុចកំពូល គឺកម្ពស់ទឹកអតិបរមា ៦,៥៨ម៉ែត្រ ។ដោយឡែក អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញក៏បាន​ស្តារផ្លូវដែលខូចខាត​ឡើងវិញ​ និង​កាយផ្តាច់ជាបណ្តោះអាសន្ន​ផ្លូវបេតុង ចំណុចវត្តតា​ក្តុល ដើម្បីបង្ហូរទឹកដែលនៅសល់​ដកចេញពីភូមិ​ចំនួន ៣ ក្នុងសង្កាត់សាក់សំពៅ មកស្ទឹងព្រែកត្នោតវិញ ក្រោយពីទឹកស្ទឹងបានស្រកចុះ។

    គួរបញ្ជាក់ថា ជំនន់ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមគំរាមកំហែងខ្លាំងដល់ ភូមិសាស្រ្តតាមសណ្តរស្ទឹង ក្នុងខណ្ឌដង្កោតាំងពីថ្ងៃទី២៥ ខែតុលា បង្ក​អោយ​មានទឹកហៀរចេញភូមិសាស្ត្រទំនាប និងមានរូងនាគ​មួយចំនួនតាមតួទំនប់។ ទោះបីជាអាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំង និង​គ្រឿង​ចក្រលើក​ទំនប់ទប់​និងបិទរូងនាគមួយចំនួនដែលលិចធ្លាយក៏ដោយ ក៏ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ហៀរជន់លិច​នៅលំ​នៅឋាន និង​បង្កឲ្យ​​​មានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បង​ប្អូនប្រជាពល​រដ្ឋជាច្រើន​គ្រួសារក្នុង​​​សង្កាត់មួយចំនួនរបស់ ខណ្ឌដង្កោ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង