ក្រុមកីឡាករប្រណាំងកង់ពិភពលោកបានមកដល់ទីលើកំពូលភ្នំបូកគោហើយ

  • ក្រោយ​បើក​ការប្រណាំង​ចេញពី​រង្វង់មូល​ព្រឹទ្ធាចារ្យ សាយ ភូ ថង ប្រមាណ​ ៥ម៉ោង​រួចមក ក្រុម​កីឡាករ​ជាតិ-អន្តរជាតិ និង​ក្រុមរៀប​ចំព្រឹត្តិការណ៍នេះ​បាន​មកដល់​ទីលើ​កំពូល​ភ្នំបូកគោ ខេត្តកំពត​ហើយ ក្នុងរយៈចម្ងាយប្រមាណ ១៧២.៥គីឡូ​ម៉ែត្រ សម្រាប់​ថ្ងៃទី២​នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភព​លោក​លើក​ទី​១ តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​កម្ពុជា ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ ។

    គួរបញ្ជាក់ថា ការបាញ់​កាំភ្លើង​បើកការ​ប្រណាំង​កង់ពិភព​លោកនេះ ​ត្រូវ​បានធ្វើឡើងក្រោមវត្តមាន​ លោកជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះ​កុង​ និង​ ឯក​ឧត្តម វ៉ាត់ ចំរើន អគ្គ​លេខា​ធិកា​រនៃគណៈកម្មាធិការ​អូឡាំពិក​កម្ពុជា (NOCC) នៅ​ចំណុច​វង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នាវេលា​ម៉ោង១១ព្រឹក ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ២០២០។

    បន្ទាប់​ពីធ្វើការ​ជម្រុះ​តាំងពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០មក គិតមក​ដល់ពេល​នេះ​កីឡាករ​ដែលនៅបន្តចូលរួម​ប្រណាំងនៅសល់​ប្រមាណ ៧៥នាក់។ ជាមួយគ្នានេះ ពេលធ្វើដំណើរ​មក​ដល់កំពូលភ្នំបូកគោ ក្រុម​កីឡាករ និងក្រុម​ការងាររៀបចំព្រឹត្តិការណ៍​​និងសម្រាក​នៅទីនោះ​មួយយប់ មុនបន្តប្រកួតនៅ​ថ្ងៃទី៣ ដែលត្រូ​វនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០​​ដែលនឹងចាប់ផ្ដើម​ចេញ​ដំណើរពីក្លោងទ្វារចូលឧទ្យានជាតិ​ព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជា​ទី​បញ្ចប់​នៃព្រឹត្តិការណ៍ប្រណាំងកង់​ពិភព​លោកលើកទី១ តាម​បណ្ដោយឆ្នេរ​សមុទ្រកម្ពុជា រយៈពេល​៣ថ្ងៃនេះ៕

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង