កំពង់ឆ្នាំង ៖ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ បានធ្វើការអំពាវនាវទៅកាន់មន្ត្រីអាជ្ញាធរមូលដ្ឋានឲ្យរួមសហការគ្នាជាមួយមន្ត្រីជំនាញ ក្នុងការ ការពារដីព្រៃរបស់រដ្ឋ និងទប់ស្កាត់សកម្មភាពកាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធ ឲ្យមានប្រសិទ្ធភាព។ ការក្រើនរំលឹកដល់មន្រ្តីមូលដ្ឋានបែបធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អភិបាលខេត្ត អញ្ជើញដាំកូនឈើប្រណិតចំនួន១២០០ដើមនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងស្រុកទឹកផុស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមជនខិលខូចមួយចំនួន តែងតែបានបំផុសបំផុសឲ្យប្រជាពលរដ្ឋធ្វើសកម្មភាព រំលោភបំពាន កាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ។ ដូចជាករណីដីនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ ហើយ បើអាជ្ញាធរខេត្តពុំមានវិធានការទាន់ពេលវេលានោះទេ នឹង ត្រូវកាប់បំផ្លាញខ្ទេចខ្ទីជាក់ជាមិនខាន។
ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការបាត់បង់ធនធានធម្មជាតិព្រៃឈើគឺជាចំណែកមួយក្នុងចំណោមបញ្ហាធំៗក្នុងពិភពលោក ដែលជះឥទ្ធិពលអាក្រក់ ដូចជាជួបគ្រោះរាំងស្ងួត ខ្យល់ព្យុះ គ្រោះទឹកជំនន់ និងការបំម្រែបំម្រួល អាកាសធាតុ ដែលអាច ធ្វើអោយមាន ផលប៉ះពាល់ដល់ប្រជាកសិករក្នុងការប្រកប មុខរបរកសិកម្មផងដែរ ។
ឯកឧត្តមបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋបញ្ឈប់នូវសកម្មភាពកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកដីព្រៃរបស់រដ្ឋ ព្រោះជាអំពើខុសច្បាប់។ហើយត្រូវចូលរួមការពារ ថែរក្សា និង អភិរក្សព្រៃឈើ ដោយមានការចូលរួមជាមួយនិងមន្ដ្រីអាជ្ញាធរមូលដ្ឋាន និង មន្រ្តីជំនាញជាប់ជាប្រចាំ ធ្វើឲ្យតំបន់នេះក្លាយជាតំបន់បៃតង គ្រប់រដូវកាល ៕