សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញមកដល់ទីក្រុងប៉ារីសវិញ នាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ដំណើរមកប្រទេសបារំាងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង ព្រមទាំងគណ:ប្រតិភូអម នៅអាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ធ្វើទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំង ពីថ្ងៃទី១៨ ដល់ ១៩ ខែ មករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំងជាលើកទី១នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបពិសាអាហារថ្ងៃត្រង់ការងារ រៀបចំដោយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ,ជំនួបសម្តែងការគួសមជាមួយប្រធានព្រឹទ្ធសភាបារាំង ប្រធានរដ្ឋសភាបារាំង និងជំនួបទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីបារាំង ។ក្រៅពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏មានជំនួបជាមួយបណ្តាក្រុមហ៊ុនបារាំងធំៗ មួយចំនួនទៀតផងដែរ៕














