បន្ទាយមានជ័យ ៖ កម្លាំងការវរសេនាតូច៩១១ កម្លាំងប៉ុស្តិ៍បឹងសាគូ សហកាជាមួយកម្លាំងយោធាកងពល៥១ បានចុះឃាត់ខ្លួនមេខ្យល់២នាក់ បម្រុងនាំពលករទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៤៖២៥ នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងមុខកាស៊ីណូ DNA ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មេខ្យល់ទាំងពីរនាក់ដែលត្រូវឃាត់ខ្លួននេះ ម្នាក់ឈ្មោះ ឡូញ ឡែម អាយុ២៩ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀតមានឈ្មោះ សាន សំណាង អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត។
ប្រភពពីសមត្ថកិច្វបានឲ្យដឹងបន្តទៀតថា ក្រោយពីសមត្ថកិច្ចចម្រុះខាងលើឃាត់ធ្វើការសួរនាំរួចមក ក៏បានត្រួតពិនិត្យឃើញមានទូរស័ព្ទដៃ១គ្រឿង និង មានសារជាសំឡេងឆ្លើយឆ្លងគ្នា ចាំទទួលមនុស្សនៅខាងក្រោយផ្សារឡុងក្លឿ ប្រទេសថៃ និង ម៉ូតូ១គ្រឿង។
ជនសង្ស័យទាំងពីរនាក់និងវត្ថុតាងត្រូវ បញ្ជូនទៅទីបញ្ជាការវរសេនាតូច ៩១១ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕










