លោក​ជំ​ទាវ​ ជូ​ ប៊ុន​អេង​ និង​ឯក​ឧត្តម​ ស៊ុន​ សុណ្ណា​រិ​ទ្ធិ ​នាំ​យក​ទៀន​វស្សា​ទៅ​ប្រ​គេន​ ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​ ​នៅ​វត្ត​ចំ​នួន​ ១០​ ក្នុង​ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ទៀនវស្សា ទេយ្យវត្ថុ បរិក្ខា និង បច្ច័យ ដែលបានមកពីសទ្ធាជ្រះថ្លារបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន១០ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    ពិធីប្រគេនទៀនព្រះវស្សានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នៅវត្តទេពធីតារ៉ាម ហៅវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា បុណ្យចូលព្រះវស្សា ត្រូវបានប្រាព្វធ្វើឡើង តាមព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ថ្ងៃ១រោចខែអាសាធដល់ទី១៥កើត ខែអស្សុជ ។

    តាមទម្លាប់របស់ពុទ្ធបរិស័ទ ពេលចូលដល់បុណ្យចូលព្រះវស្សានេះ តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់ សាដក និង គ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលនៃការចូលព្រះវស្សានេះ ។

    លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថាការអភិវឌ្ឍន៍របស់កម្ពុជា នាពេលបច្ចុប្បន្ននេះមិនអាចកាត់ផ្តាច់ចេញពីព្រះពុទ្ធសាសនានោះឡើយ។ ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើងជាយូរលង់ណាស់មកហើយ ។ ព្រះពុទ្ធសាសនាបានប្រមូលផ្គុំនូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមយើងទាំងមូល បង្កលក្ខណ:ងាយស្រួលដល់កិច្ចកសាងប្រទេសជាតិ ។ ព្រះពុទ្ធសាសនា បានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក ។ ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាមត្រូវបានចាត់ទុកថាជាទីថែរក្សានូវអត្តសញ្ញាណនិងវប្បធម៌របស់ខ្មែរផងដែរ វត្តអារាមក៏ជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស និស្សិតក្រីក្របន្តការសិក្សាជាច្រើន ។ ទីវត្តអារាមបានបង្រៀនទ្រឹស្ដីព្រះពុទ្ធសាសនា អប់រំផ្លូវចិត្តអោយជៀសវាងអំពើអបាយមុខផ្សេងៗផងដែរ ។

    លោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ្ធ ត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និង ត្រូវបន្តចូលរួម រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាពទីអារាម ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិ ឃុំមាន សុវត្ថិភាព ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង