ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា គោលដៅសំខាន់ចំនួនពីរ នៃគោលនយោបាយការពារជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ ការអភិវឌ្ឍជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៣ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា សន្ថិភាព ស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន កំពុងផ្តល់នូវឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍ សមត្ថភាព កងយោធពលខេមរភូមិន្ទ។ ដូច្នេះ កងយោធពលខេមរភូមិន្ទ ផ្ទាល់ត្រូវបន្តជំរុញផងដែរ នូវការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងដើរទាន់សន្ទុះថ្មីនៃស្ថានភាព អំណោយផលនេះ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់យោធភូមិ ភាគទី៣ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ នៅក្នុងការបំពេញភារកិច្ចថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការការពារបូរណទឹកដីក៏ដូចជាការចូលរួមចំណែកនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបគ្រោះមហន្តរាយធម្មជាតិផងដែរ៕















