សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១០ ខែសីហា បានប្រកាសថា កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន ៨លាននាក់រួចហើយ គឺស្មើនឹង៨០ភាគរយ នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាន និងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។

សម្តេចតេជោ បានបន្តថា៖ «ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច ការងារមុនការកំណត់ ៧ទៅ៨ខែប្រៀបជាមួយផែនការដើមរបស់យើង»។
ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី ៨លាន គឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សម្តេចបានអបអរសាទរចំពោះជ័យលាភីទី៨ លាន ដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយក ជំនួយថវិកា ១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ 

ឆ្លៀតឱកាសនេះ សម្តេចតេជោ ក៏សូមជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ (៣ការពារ និង៣កុំ)៕










