កំពង់ឆ្នាំង ៖ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា លទ្ធផលសំណាកដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកប៉ះពាល់ផ្ទាល់និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅខេត្តកំពង់ឆ្នាំងចំនួន៤៧នាក់ ដែលបានធ្វើសំណាកលើកទី១ បង្ហាញថា អវិជ្ជមាននៃវីរុសកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍២៨វិច្ឆិកានេះ នៅខេត្តកំពង់ឆ្នាំង មានអ្នកប៉ះពាល់ផ្ទាល់និងប្រយោល ចំនួន៦៨នាក់ ក្នុងចំណោមទាំង៦៨នាក់នេះ បានយកសំណាកចំនួន៤៧នាក់ ទៅធ្វើតេស្ត រកវីរុសកូវីដ១៩ ប៉ុន្តែក្នុងចំណោមអ្នកធ្វើសំណាកទាំង៤៧នាក់នេះ គឺអវិជ្ជមានទាំងអស់ ។ បច្ចុប្បន្នពួកគាត់បន្តធ្វើចត្តាឡីស័កនឹងត្រៀមយកសំណាកទៅធ្វើតេស្តលើកទី២ម្តងទៀត ។
ប្រធានមន្ទីរសុខាភិបាលបានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ទាំងអស់កុំជឿនូវរាល់ព័ត៌មានដែលប្រឌិតខុសការពិត ហើយបន្តយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានាក្រសួងសុខាភិបាល ដើម្បីបង្កើនការទប់ស្កាតការីករាលដាលនៃជំងឺកូវីដ១៩ ។