កំពង់ឆ្នាំង៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះផ្សព្វផ្សាយពន្យល់ណែនាំអំពីវិធានការណ៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីប្រជុំជន នៅផ្សារក្រាំងល្វា និងតាមខ្នងផ្ទះក្នុងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ ។

លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា សកម្មភាពចុះផ្សព្វផ្សាយពីវិធានការពារការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ នេះ គឺដើម្បីផ្សព្វផ្សាយពន្យល់បន្ថែមអំពីព័ត៌មាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅលើសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក ហេង ពិទូ ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាប្រចាំកុំធ្វេសប្រហែស ហើយប្រសិនបើមានបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុក ត្រូវបានវិលត្រឡប់មកពីក្រៅប្រទេសវិញ សូមឱ្យពួកគាត់តាមដានសុខភាពជាប្រចាំ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេស ក្រុមការងារប្រយុទ្ធប្រឆាំងនិងការរីករាលដាល នៃមេរោគកូវីដ១៩ ដែលនៅជិតបំផុត ដើម្បីអនុវត្តវិធានការដាក់អោយនៅដោយឡែកចំនួន ១៤ថ្ងៃសិន ដើម្បីធានាបានសុខសុវត្ថិភាពក្នុងក្រុមគ្រួសារ និងសហគមន៍។

គួរបញ្ជាក់ថា នៅក្នុងដំណើរចុះផ្សព្វផ្សាយពីវិធានការពារការឆ្លងជំងឺកូវីដ១៩ នេះដែរ ក៏មានការចែកខិតប័ណ្ណ បិទផ្សាយសារអប់រំ និងណែនាំ អំពីវិធានការការចម្លងពីជំងឺកូវីដ១៩ នៅទីតាំងលក់ដូរ អាជីវកម្មផ្សេងៗ និងកន្លែងធ្វើដំណើរ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ។ ជាមួយគ្នានោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានប្រគល់សម្ភារជូនដល់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសាមគ្គីមានជ័យ រួមមាន ម៉ាស់ចំនួន៤០០ ខិតប័ណ្ណ ៤០០សន្លឹក បដាផ្សព្វផ្សាយតូចធំចំនួន៣ផ្ទាំង សៀវភៅ ៣០០ក្បាល អាកុល ២០ដប ទឹកសុទ្ធ ៦កេស និងថវិកា ចំនួន ២០០ ០០០រៀល ក្នុងនោះក៏មានសម្ភាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្ដល់ជូនបន្ថែម រួមមាន Poster A2 (ផ្ទាំងធំ), COVID-19 & Hand Washing = 600 សន្លឹក ២. ខិតបណ្ណA5(ផ្ទាំងតូច) COVID-19 & Hand Washing = 600 សន្លឹក ៕

