សមត្ថកិច្ច​ខណ្ឌ​ចំការ​មន​ ឃាត់​ខ្លួន​ជន​សង្ស័យ​ ១៧​នាក់​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។

    ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង  ម៉ូនីទ័រ ០១គ្រឿង និងទូរស័ព្ទ ១០៣គ្រឿង។

    តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញរកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam  និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

    ជនសង្ស័យ និងវត្ថុតាង បច្ចុប្បន្នត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

    សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ ប្រភព :AKP

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង