កំពង់ឆ្នាំង ៖លោកហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាននិងសាធារណមតិ ខេត្តកំពង់ឆ្នាំង បានជម្រុញឲ្យមន្ត្រីការិយាល័យវិទ្យុ ការិយាល័យទូរទស្សន៍ និងការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវពង្រឹងប្រសិទ្ធភាពនៃការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព ។

លោក អនុប្រធានមន្ទីរ បានជម្រុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ក្នុងឆ្នាំ២០២៦ ។

លោក ហឹង ចូច បញ្ជាក់ថា ធនធានមនុស្សជាកត្តាដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដែលទាមទារឲ្យមន្ត្រីត្រូវមានចំណេះ ជំនាញ និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ស្របតាមការវិវត្ត នៃសង្គមជាតិ និងបច្ចេកវិទ្យា។

ជាមួយគ្នានេះមន្ត្រីទាំងអស់ នៅក្នុងការិយាល័យផ្សព្វផ្សាយ ត្រូវបន្តខិតខំផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងប្រកបដោយគុណភាព ប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល ៕











