សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន​សែន​ ជួយ​សាង​សង់​ផ្ទះ​ថ្មី​២​ខ្នង​ជូន​ដល់​គ្រួ​សា​រ រង​គ្រោះ​​ដោយ​អគ្គិ​ភ័យ​ នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួយសាងសង់ផ្ទះថ្មី២ខ្នង ជូនដល់គ្រួសារ រងគ្រោះដោយអគ្គិភ័យ ២គ្រួសារ នៅខេត្តកំពង់ឆ្នាំង ។

    នៅព្រឹកថ្ងៃទី៨ ខែកញា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តនិងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យមើលការសាងសង់និងនាំយកអំណោយជាថវិកា និង គ្រឿងឧបភោគបរិភោគ ទៅផ្តល់ជូនបន្ថែមទៀតដល់គ្រួសាររងគ្រោះទាំង២គ្រួសារផងដែរ ។

    លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ផ្ទះទាំង២ខ្នងនេះ ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានទំហំ៧ម៉ែត្រគុណ៥ម៉ែត្រនិងតផ្ទះបាយប្រវែង៣ម៉ែត្រ សម្រេចសាងសង់បានប្រម៉ាណ៧០ភាគរយហើយ ។

    ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអណ្តូងទឹក និង ដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅដ្ឋានទំហំ៣០ម៉ែត្រគុណ៤០ម៉ែត្រ និង ដីសម្រាប់បង្ករបង្ករបង្កើនផលទំហំ១ហិកតាដែលមានទីតាំងស្ថិតក្នុងភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    លោកប្រាក់ សោភ័ណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២គ្រួសារនេះ ពីមុនមិនមានដីទេ ដោយបានសុំដីបងប្អូនសាងសង់ផ្ទះស្នាក់នៅ ប៉ុន្តែក្រោយពីត្រូវភ្លើងឆេះផ្ទះអស់ ឯកឧត្តមអភិបាលខេត្តបានសម្រេចផ្តល់ដីសង្គមកិច្ចជូនគាត់ ទាំងដីសម្រាប់សាងសង់លំនៅដ្ឋាន ទាំងដីសម្រាប់បង្ករបង្កើនផល ។

    ប្រជាពលរដ្ខទាំង២គ្រួសារ បានសំដែងនូវក្តីរីករាយជាពន់ពេក និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់ផ្ទះនិងដីដល់ពួកគាត់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង