កំពង់ឆ្នាំង ៖ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង និង សមត្ថកិច្ចចុះទៅស្រាវជ្រាវ និង បង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក នៅក្នុងភូមិសាស្រ្តឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងបេសកកម្ម ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី នាឱកាសនោះរួមមាន ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសចុះពិនិត្យមើលដី ដែលរងការកាប់ទន្រ្ទាននេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិង សំណង់ បានដាក់ចេញនូវវិធានការណ៍មួយចំនួន ឱ្យអាជ្ញាធរខេត្តនិងក្រុមការងារចម្រុះ ត្រូវចាត់វិធានការណ៍ឱ្យបានម៉ឺងម៉ាត់បំផុត ។ ជាមួយគ្នានេះត្រូវធ្វើ ការកំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និង ត្រូវធ្វើការដកហូតដីព្រៃលិចទឹកដែលរង ការកាប់ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញ ។ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពង្រឹងការទទួលខុសត្រូវ និង អនុវត្តន៍ការងារ ឲ្យមានប្រសិទ្ធិភាព ។ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចូលមកធ្វើស្រូវ នៅលើតំបន់ហាមឃាត់នេះជាដាច់ខាតចាប់ពីពេលនេះតទៅ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ចាប់ពីម៉ោងនេះតទៅមិនអនុញ្ញាត្តឱ្យមានការកាប់ ទន្រ្ទានបន្តទៀតនោះឡើយ បើរកឃើញត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក្នុងភូមិសាស្រ្តខេត្ត ត្រូវរៀបចំដាំកូនឈើព្រៃលិចទឹក ដើម្បីធានាឱ្យតំបន់នេះមានព្រៃលិចទឹកឡើងវិញ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ សម្តេចតេជោ បានចេញបទបញ្ជាអោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕











