ឆ្នាំនេះ ការប្រកួតកីឡាសិស្សនៅកំពង់ឆ្នាំង ផ្ទុះការចាប់អារម្មណ៍ខ្លាំង !

  • ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០​២៥ ដោយប្រកួត​លើវិញ្ញា​សា​ បាល់​ទាត់ បាល់​បោះ ​បាល់ទះ​ អត្តពល​កម្ម ប៉ូលនិងប៉េតង់ ដោយ​មាន​កីឡាករ​ កីឡាការិនី មកពីក្រុងស្រុកទាំង៨ ចូលរួម​ប្រកួតសរុប​ចំនួន ១៨០០នាក់​ ។

    ព្រឹត្តិការ​ណ៍​កា​រប្រកួត​កីឡានេះ បានបញ្ចប់ដោយជោគជ័យ និង​ផ្ទុះការចាប់​អារម្មណ៍ខ្លាំង ដោយនៅរាល់គ្រប់ការប្រកួត​មាន​មហាជនចូល​រួមទស្សនា​ដោយផ្ទាល់ និងតាមការផ្សាយផ្ទាល់ រាប់ពាន់​នាក់។ ជាក់ស្តែង ការប្រកួត​ផ្តាច់ព្រ័ត្រ​បាល់ទាត់(យុវជន) រវាងក្រុង​កំពង់ឆ្នាំង និងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នក​ចូលរួម​ទស្សនា​ផ្ទាល់ព័ទ្ធជុំជិត​ទីលានរា​ប់ពាន់នាក់ ជាមួយសម្លេងហ៊ោកញ្ជៀវគាំទ្រក្រុមកីឡាកររៀងៗខ្លួន។ ដោយឡែក អ្នកទស្សនា​ផ្ទាល់ ពេលកំពុង​ប្រកួត​នៅលើ​ផេកMYFM NEWS មានចំនួនឡើងដល់ជាង១៦០០នាក់។

    សម្រាប់កីឡាករ កីឡាការី មកពីតាមក្រុងស្រុកទាំង៨ ក៏បានបង្ហាញពីភាពខ្លាំងពូកែរបស់ខ្លួនក្នុងការដណ្តើមមេដាយ ក្នុងវិញ្ញាសារប្រកួតផ្សេងៗ ជាមួយនឹងការអភិវឌ្ឍសមត្ថភាពប្លែកខុសពីឆ្នាំមុនៗ និងមានការយោគយល់អធ្យាស្រ័យគ្នា មានស្នាមញញឹម សាមគ្គីភាព ទោះបីជាប្រកួតមានឈ្នះ ឬ ចាញ់ ក៏ដោយ។ រីឯ គណកម្មការរៀបចំ និងកងកម្លាំងគ្រប់ប្រភេទវិញ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យដំណើរប្រកួតទទួលបានជោគជ័យ និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ។

    សរុបមកវិញ ភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ សបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯកនៅខេត្តកំពងឆ្នាំង ឆ្នាំនេះ ពីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​មួយរបស់​ខេត្ត ដែល​បាន​ជួយ​បណ្តុះស្មារតីឲ្យកុមារ និងយុវជនក្នុងខេត្តស្រលាញ់កីឡា លេងកីឡា ជៀសឆ្ងាយពីអំពើដែលសង្គមស្អប់ខ្ពើម ស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច» និងបានជួយបណ្តុះស្មារតី កុមារនិង យុវជនឲ្យ ចេះលើកស្ទួយកេរ្តិ៍ឈ្មោះ កិត្យានុភាព សាលា វិទ្យាល័យ ភូមិនិងស្រុករបស់ខ្លួន ហើយអភិវឌ្ឍខ្លួនក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង