រដ្ឋាភិបាលអូស្រ្តាលីផ្តល់ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿងដល់សហគមន៍កសិកម្មនៅស្រុកបរិបូណ៌

  • កំពង់ឆ្នាំង ៖ ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ ចំនួន១០គ្រឿង ជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី ផ្តល់តាមរយៈក្រសួងកសិកម្មរុក្ខាប្រម៉ាញ់​និងនេសាទសម្រាប់ផ្តល់ជូនដល់ដល់សហគមន៍អភិវឌ្ឍន៍កសិកម្ម នៅស្រុកបរិបូរណ៍ ត្រូវបានប្រគល់ជូនកាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅឃុំមេលំ ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង  ក្រោមអធិបតីភាព ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង ។ 

    លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា កន្លងមកនេះ ខេត្តកំពង់ឆ្នាំង ទទួល​បានការជួយ​ឧបត្ថម្ភ​ជា​​គ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គណកម្មការជាតិ​​គ្រប់​គ្រងគ្រោះមហន្តរាយនិងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បងប្អូនប្រជាកសិករបាន យកគ្រាប់​​ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហ.ត ស្នើនឹង ១០០%។

    ឯកឧត្តម ផាប្លូ ជីហូខាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា ជំនួយដែលបានផ្តល់នាពេលនេះ ជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង១៩ខេត្តទូទាំងប្រទេស ដែលទទួលរង គ្រោះដោយសារជំនន់ទឹកភ្លៀង និង ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀងក្នុងខណ:ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួប​វិបត្តិ​នៃការ​​រី​ករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។ 

    ឯកឧត្តម ឯកអគ្គ​រដ្ឋទូត បានបញ្ជាក់ទៀតថា  កម្មវិធីកាវ៉ាក់​(CAVAC ) កំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជា​មួយ​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាព​គ្រាប់ពូជ​ដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែសង្វាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផលនិងការកែលម្អប្រព័ន្ធស្រោច​ស្រព ក្នុងគោលបំណងបង្កើនផលិតភាពនិងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និង​ពង្រឹង​​ប្រព័ន្ធទីផ្សារផងដែ។ ជាមួយនេះរដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជា​​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស និងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុងខណ:ដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានថ្លែងអំណរគុណយ៉ាង​​ជ្រាល​​ជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះ​ក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និង ការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួម​ចំណែកយ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ 

    ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវចំនួន១០គ្រឿងបន្ថែមទៀត  បាននាំយកមកចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿន​ការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ 

    ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ដោយសារមានតម្រូវការចាំបាច់ចំពោះឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារ​ផលិត​កម្មដំណាំ​ស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវនេះចំនួន២៨០គ្រឿងដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់​បម្រើ​ឲ្យ​សកម្មភាពស្តារផលិតកម្មដំណាំស្រូវ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង