កំពង់ឆ្នាំង ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាប្រតិបត្តិ ការគ្រប់គ្រង និងការអនុវត្តកម្វិធីឡជីវឧស្ម័នជាតិ និង លើកទិសដៅការងារឆ្នាំ២០២១ ។ កិច្ចប្រជុំដ៏មានសារសំខាន់នេះធ្វើឡើងនៅមន្ទីរកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ក្រោមអធិបតីភាពឯកឧត្តមឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសកម្មវិធីឡជីវឧស្ម័នជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរនិងមន្ត្រីជំនាញមកពីខេត្តចំនួន១៤ផងដែរ ។
ឯកឧត្តម ឱម គឹមស៊ា បានមានប្រសាសន៍ទៀតថា ឡជីវឧស្ម័នគឺពិតជាមានសារប្រយោជន៍ជាខ្លាំង សម្រាប់ប្រជាកសិករដែលកំពុងតែចិញ្ចឹមសត្វ និង មិនទាន់មានឡជីវឧស្ម័នប្រើប្រាស់ ហើយមានគម្រោងរៀបចំធ្វើឡជីវឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងគ្រួសារនីមួយៗ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ឡជីវឧស្ម័ននេះ ពិតជាផ្តល់អត្ថប្រយោជន៍ សម្រាប់បងប្អូនប្រជាកសិករខ្មែរ ទើបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជំរុញអោយមានការកសាងសម្រាប់ប្រើប្រាស់ អោយអស់លទ្ធភាពបន្ថែមទៀត ពីលាមកសត្វមានលាមកគោ ក្របី ជ្រូកមាន់ទា ដើម្បីបង្កើតជាថាមពលហ្គាស សម្រាប់ដុតចម្អិនម្ហូបអាហារ ទឹក ជាពិសេស នៅសេសសល់កាកសំណល់អាចធ្វើជាជី សម្រាប់ដាក់ដំណាំបន្លែបានយ៉ាងល្អផងដែរ ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមឱម គឹមស៊ា បានធ្វើការផ្តាំផ្ញើដល់ប្រធានមន្ទីរក្រុមការងារឡជីវឧស្ម័នតាមបណ្តាខេត្តទាំងអស់សូមចូលរួមសហការណ៍ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តការងារផ្សព្វផ្សាយដល់ប្រជាកសិករដែលមានបំណង និង មិនទាន់បានព័ត៌មានស្តីពីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឡជីវឧស្ម័នតាមមូលដ្ឋានបន្ថែមទៀត ៕