កំពង់ឆ្នាំង៖នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៤លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ រួមជាមួយពុទ្ធបរិស័ទ្ទជិតឆ្ងាយ បានអញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពុទ្ធស័ទ្ឌ ដែលបានអញ្ជើញមកចូលរួម ពិធីកាន់បិណ្ឌវេនទី៤ នៅវត្តអារញ្ញការាម នាពេលនោះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីរបស់ខ្មែរយើង ដែលពិធីបុណ្យនេះមានរយះពេល១៥ថ្ងៃ ដោយប្រារព្ធធ្វើចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។

នៅគ្រប់មូលដ្ឋានក្នុងរយៈពេល នៃពិធីបុណ្យកាន់បិណ្ឌ.ភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋនៅគ្រប់ទិសទី បានធ្វើដំណើរមកកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារប្រារព្វពិធីបុណ្យ ដោយទឹកចិត្តសប្បាយរីករាយ នឹងគ្មានក្តីបារម្ភ ។ ដូចនេះមន្ត្រីអាជ្ញាធរនិងកម្លាំងសមត្ថិកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយ៉ាងពេញលេញ នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ។

លោកជំទាវ អ្នកតំណាងរាស្ត្រ បានបញ្ជាក់ទៀតថា បើទោះបីជាក្នុងរយៈពេលកន្លងទៅ យើងអនុវត្តបានល្អប្រសើយ៉ាងណាក៏ដោយ ប៉ុន្តែចាប់ពីពេលនេះបន្តទៅទៀត សូមឱ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមទីប្រជំជន វត្តអារាម និងកន្លែងកំសាន្តនានា ក្នុងខេត្តត្រូវតែសុខសុវត្ថិភាពគ្រប់ពេលវេលា ៕







