ប្រសិនបើគ្មានការប្រែប្រួលនោះទេ “សួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល” ដែលទីតាំងស្ថិតនៅចំណុចកែងច្រមុះជ្រូកជាប់នឹងរបងមជ្ឈមណ្ឌល ហ្វឹកហ្វឺនស៊ីម៉ាក់ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នឹងត្រូវដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅព្រឹកស្អែកនេះ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ពិធីសម្ពោធអោយប្រើប្រាស់ជាផ្លូវការសួនច្បារថ្មី ក៏មានការរៀបចំព្រមគ្នាជាមួយនឹងពិធីរំលឹកខួប លើកទី៤១ នៃថ្ងៃជ័យជម្នះ ៧ មករា ផងដែរ។
គួរបញ្ជាក់ថា សួនច្បារនេះត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងបានដាក់ឈ្មោះថា “សួនច្បារសម្តេចចៅហ្វាវាំងគង់ សំអុល” ។ សួនច្បារ ដែលមាន ទំហំប្រមាណជិត២ហិកតានេះ មានរាងជាត្រីកោណ និងមានថ្នល់កៅស៊ូព័ទ្ធជុំវិញ ។ សួនច្បារនេះក៏ មានចាក់បេតុង ដែលជាកន្លែងសម្រាប់ចតរថយន្ត បំពាក់សម្ភារៈក្មេងលេង និងក្រាលថ្មក្រានីត សម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ និងដើរកម្សាន្ត ជាដើម ។
ជាមួយគ្នានោះ ផ្នែកខាងក្នុងគឺមានការដាំដើមឈើ ដាំផ្កា និងដាំស្មៅធ្វើជាសួន ចំណែកឯនៅចំណុចកណ្ដាល នៃសួនក៏បានសាងសង់បុស្បុក យ៉ាងធំមួយផងដែរ៕