ប្រសិនគ្មានការប្រែប្រួលនោះទេ កម្ពុជានឹងបញ្ជូនកម្លាំងកងទ័ពមួកខៀវចំនួនជាង ៣០០នាក់ ទៅផ្លាស់ប្តូរវេនកម្លាំងចាស់ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី នាពាក់កណ្ដាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម នៅក្នុងពិធីបើកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៣ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអោយដឹងថា កម្លាំងកងទ័ពមួកខៀវដែលបញ្ជូនទៅប្តូរវេននោះ រួមមាន កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧ ។ ហើយកងកម្លាំងជាង៣០០នាក់ ដែលត្រូវចេញទៅបំពេញបេសកកម្ម នេះ ក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួចរាល់ហើយដែរ។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅពេលផ្លាស់ប្តូរកងកម្លាំងម្តងៗ ហើយជំហររបស់កម្ពុជា បើទោះបីជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅបំពេញបេសកកម្ម ក៏កំពុងមានការវាយលុកដោយកូវីដ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ ពោលគឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកម្លាំងមួកខៀវ សរុបជិត ៨០០នាក់ ក្នុងនោះ មាននារីជិត ៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕ 











