កំពង់ឆ្នាំង ៖សិស្សមកពីវិទ្យាល័យ ជា ស៊ីម ស្រុកកំពង់ត្រឡាច យុវតី ហ៊ល លំអង ដណ្តើមបានជ័យលាភីលេខ១ ប្រចាំខេត្តកំពង់ឆ្នាំង ផ្នែកស្មូតកំណាព្យ បន្ទាប់ពីបានធ្វើការប្រកួតប្រជែងនិងវាយតម្លៃយ៉ាងត្រឹមត្រូវពីគណកម្មការ ។
បេក្ខជនដែលទទួលបានជ័យលាភីថ្នាក់ខេត្ត នឹងត្រូវទៅចូលរួមប្រកួតថ្នាក់ជាតិដណ្តើមពានរង្វាន់ស្មូតកំណាព្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ឆ្នាំ២០២០ខាងមុខ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានបេក្ខជន បេក្ខនារី ជាសិស្សានុសិស្សចំនួន២៤នាក់ មកពីសាលានានាក្នុងខេត្តកំពង់ឆ្នាំង បានចូលរួមប្រឡងដណ្តើមជ័យលាភីថ្នាក់ខេត្តលើការតែងនិពន្ធ ស្មូតកំណាព្យ និង អំណាន ដោយមានការវាយតម្លៃរបស់គណៈកម្មការ ជាមន្ត្រីមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរព័ត៌មានខេត្ត និង មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។
ការប្រឡងប្រកួតប្រជែងដណ្តើមជ័យលាភីនេះ ធ្វើឡើងនៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ស៊ឹម ប្រឹមប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ។