កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរដែនដី និង នាយកសាលា ត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់អំពើអបាយមុខនានា និងបញ្ហាក្មេងទំនើងនៅក្នុងសាលារៀន ធ្វើយ៉ាងណាអោយគ្រប់សាលារៀងនៅក្នុងខេត្តកំពង់ឆ្នាំង មានសន្តិសុខសុវត្ថិភាពល្អ។
ការអំពាវនាវរបស់អភិបាលខេត្តបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ។

ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នសកម្មភាពមិនគប្បីរបស់សិស្ស នៅក្នុងសាលាមួយចំនួន បានបង្ហាញពីភាពអវិជ្ជមាននៃសីលធម៌សង្គម របស់យុវវ័យ បើទោះបីមិនបានកើតឡើងនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងក៍ដោយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និង ថ្នាក់ដឹកនាំសាលា ត្រូវតែយកចិត្តទុកដាក់ ពង្រឹងវិន័យ និងតាមដានអោយបានជាប់ជាប្រចាំរាល់សកម្មភាពនានាធ្វើយ៉ាងណាអោយសាលាទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងមានសុវត្ថិភាពល្អ ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដើម្បីធានាបាននូវគុណភាព នៃវិស័យអប់រំនៅខេត្តកំពង់ឆ្នាំង អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំនោះ គឺត្រូវពង្រឹងប្រព័ន្ធការងារផែនការអប់រំ ដូចជាការពង្រាយគ្រូអោយដល់មូលដ្ឋាន បន្តអភិវឌ្ឍន៍សមត្ថភាពរបស់នាយកសាលា ព្រមជាមួយនេះ ត្រូវបន្តពង្រឹងជំនាញបច្ចេកទេស និង ជំនាញទន់សម្រាប់យុវជន ពិសេសលើការងារជាក្រុម សំដៅឆ្លើយតបអោយបានទៅនឹងឱកាសការងារនិងភាពរឹងមាំនៃសង្គម ៕


