កំពង់ឆ្នាំង ៖វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២៥ ៧៩០ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋម្ចាស់ដី នៅក្នុងស្រុកទឹកផុស ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងរៀបចំដែនដី នឹងខិតខំបញ្ចប់ការងារចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបានរួចរាល់ជាស្ថាពរក្នុងអាណត្តិនេះ។

ឯកឧត្តមបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីធានាថា ដីធ្លីដែលប្រជាពលរដ្ឋកាន់កាប់ នឹងក្លាយជាទ្រព្យសម្បត្តិស្របច្បាប់រឹងមាំ តកូនតចៅ ប្រកបដោយសុវត្ថិភាពផ្លូវច្បាប់ និងបង្កភាពងាយស្រួលក្នុងការទិញ លក់ ឬប្រើប្រាស់ជាទ្រព្យសកម្ម ដើម្បីបង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់លើការរៀបចំដែនដី និងការរៀបចំក្រុងឱ្យបានច្បាស់លាស់ និងមានផែនការប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដូចជាការបែងចែកតំបន់ព្រៃលិចទឹក តំបន់កសិកម្ម និងតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មានសក្ដានុពលខ្ពស់សម្រាប់វិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដូច្នេះការរៀបចំដីធ្លីឱ្យទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាង» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតមុខរបរ បង្កើនប្រភពចំណូល និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានស្ថិរភាព និងចីរភាព៕
អត្ថបទ ហឹង ចូច/រូបថត សន គន្ធនិវឌ្ឍន៍























