កំពង់ឆ្នាំង ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លា តាម រយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង សម្រាប់ចែកជូនដល់ជនចាស់ជរាចំនួន៤៦៥នាក់ ដែលមានជីវភាពក្រីក្រ និង គ្មានទីពឹងកំពុងជួបការលំបាកខ្វះខាត នៅឃុំចំនួន០៥ របស់ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ (០១ តុលា) ដែលប្រារព្វធ្វើឡើង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។
អញ្ជើញចូលរួមក្នុងពិធីចែកព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះមហាកនសត្រនាពេលនោះមាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី ព្រះវររាជ មាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យ យកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
សម្តេចបានមានប្រសាសន៍បញ្ជាក់ទៀតថា ថ្ងៃនេះគឺជាថ្ងៃទី១ តុលា ត្រូវនឹងថ្ងៃនៃការប្រារពទិវាមនុស្សចាស់ ដោយមានព្រះទ័យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋរបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាន នូវព្រះរាជអំណោយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានវ័យចាស់ជរា សម្រាប់ជីវភាពប្រចាំថ្ងៃដើម្បីបំពេញនូវការខ្វះខាតនេះ។
ព្រះរាជអំណោយដែលចែកជូនលោកយាយ លោកតា ជាមនុស្សចាស់ជរា ទាំង៤៦៥នាក់នាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម, ឃីត១កញ្ចប់ (មានមុង១ ភូយ១ ក្រមា១ សារុង១), ម៉ាស១០បន្ទះ, មី២កេស, ត្រីខកំប៉ុង១យូ, អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ២០ម៉ឺនរៀល ព្រមទាំងក្រុមគ្រួពេទ្យ ៥នាក់ ក្នុងម្នាក់ៗថវិកា ១០ម៉ឺនរៀល។ក្នុងថ្ងៃដដែលនេះផងដែរ សម្ដេចចៅហ្វាវាំង គង់ សំអុល រួមដំណើរជាមួយឯកឧត្តម គុយ សុផល ព្រមទាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញពិនិត្យដំណើរការសាងសង់អគារសិក្សា និង អគារទីចាត់ការ វិទ្យាល័យប្រពៃគិរី ជាព្ររាជអំណោយរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងផងដែរ ៕










