កំពង់ឆ្នាំង៖ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការសរសេរព័ត៌សន្តិភាពនិងអហឹង្សា បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខដុមរមណីយកម្ម ពិតប្រាកដសម្រាប់សង្គមជាតិ ។

ការលើកទ្បើងរបស់លោកអនុប្រធានមន្ទីរបែបនេះនៅក្នុងឳកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី សារព័ត៌មានសន្តិភាពនិងអហិង្សា ដែលរៀបចំធ្វើនៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃគឺថ្ងៃ២៩ ខែមិនា ឆ្នាំ ២០២២ ។

លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនេះផ្តល់ឱកាសឲ្យអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់លើជំនាញសរសេរព័ត៌មានបែបសន្តិភាព និង អហិង្សាប្រកបដោយការទទួលខុសត្រូវ និង មានក្រមសីលធម៌ ក៏ជាការតម្រង់ទិសផ្នែកសរសេរព័ត៌មាន យល់ដឹងបានទូលំទូលាយ ដើម្បីជាស្ពាននាំសារទុកចិត្តបានរវាងប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាល ។

លោក ហឹង ចូច បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវសិក្សាស្វែងយល់អំពីចំណេះដឹងរបៀបសរសេរព័ត៌មានបែបសន្តិភាពនិងអហិង្សា ដើម្បីបង្កើតសន្តិភាពពិតប្រាកដ។

កញ្ញា ស្រី សុធាវី នាយិកាអង្គការ ACT បានឱ្យដឹងថា ACT គឺជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកដែលមិនរកប្រាក់កម្រៃ មិនមាននិន្នាការនយោបាយ ឬ ចរិតសាសនាណាមួយឡើយ ដែលបង្កើតទ្បើងដើម្បីផ្តល់ជំនាញ និងចំណេះដឹង ក្នុងវិស័យនៃការដោះស្រាយទំនាស់ ការបំប្លែងទំនាស់ និងការកសាងសន្តិភាព ផ្តោតជាសំខាន់លើការកសាង និងការពង្រឹងសមត្ថភាពផ្នែកសន្តិភាព ដោយយកការវិភាគស្ថានភាពនាពេលបច្ចុប្បន្ន ក្នុងការស្វែងរកសកម្មភាពជាយុទ្ធសាស្រ្ត ដើម្បីឆ្លើយតបនឹងបញ្ហាទំនាស់ បង្កើនផលសម្រេចបានដល់កម្រិត អតិបរមាឆ្ពោះទៅរកសន្តិភាពនិងការអភិវឌ្ឍចីរភាព។

កញ្ញា ស្រី សុធាវី រំពឹងថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឲ្យអ្នកចូលរួមបានយល់ដឹងអំពីសន្តិភាព, ទំនាស់ អំពើហិង្សា ,ប្រព័ន្ធផ្សព្វផ្សាយដើម្បីសន្តិភាព និង ព័ត៌មានហិង្សា , មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ,យល់ដឹងអំពីក្រមសីលធម៌វិជ្ជាជីវៈ, អ្នកសារព័ត៌មាននិងច្បាប់សារព័ត៌មាន, ព្រមទាំងចែករំលែកចំណេះដឹងបន្ត ,ការបង្កើតបណ្តាញនិងរៀបចំផែនការសកម្មភាពផ្សព្វផ្សាយផងដែរ ៕










