កំពង់ឆ្នាំង ៖ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ៣ការពារនិង ៣កុំ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ចបខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឳកាសដែលឯកឧមត្តមអញ្ជើញចូលរួមប្រារព្វពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកឍញ្ញាឆ្នាំ២០២១ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា នៅក្នុងឳកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះបងប្អនប្រជាពុទ្ធបរិស័ទ្ទ នាំគ្នាទៅវត្តដាក់បិណ្ឌនិងមានការជួបជុំសាច់ញ្ញាត្តិផងដែរ ដូចនេះមិនត្រូវមានការជួបជុំគ្នាច្រើន មិនត្រូវប្រមូលផ្តុំគ្នាហូបចុកគ្រឿងស្រវឹង ពេលទៅវត្តត្រូវពាក់ម៉ាស ដាក់អាកុល ឬជែល ជាប់នឹងខ្លួន សម្រាប់លាងសម្អាតដៃ និង រក្សាគម្លាត តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ ក្រុងកំពង់ឆ្នាំងឲ្យបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយនិងចលនាប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ចបខ្ជួនជានិច្ច នៅតាមបណ្តាវត្តនានា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ចូលក្នុងសហគមន៍ ជាមួយគ្នានេះក៏ត្រូវយកចិត្តទុកដាក់ លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្តិភាពឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ៕
និវឌ្ឍន៍










